ឥណ្ឌា និងប្រេស៊ីល ព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការលើរ៉ែដ៏កម្រ ដែលជារ៉ែសម្រាប់ប្រើប្រាស់ក្នុងផលិតផលជាច្រើនប្រភេទ រួមទាំង ទូរស័ព្ទស្មាតហ្វូន យានយន្តអគ្គិសនី និងម៉ាស៊ីនយន្តហោះ
បរទេស៖ ប្រទេសប្រេស៊ីល និងឥណ្ឌា បានចុះកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសៅរ៍ លើរ៉ែសំខាន់ៗ និងរ៉ែដ៏កម្រ ដោយបង្កើនកិច្ចសហប្រតិបត្តិការលើធនធានសំខាន់ៗរវាងប្រទេសធំៗពីរនៅភាគខាងត្បូងពិភពលោក ខណៈដែលប្រេស៊ីល និងឥណ្ឌា កំពុងស្វែងរកការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាដែលមិនមានកាតព្វកិច្ច លើរ៉ែដ៏កម្រនេះ បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតលើការវិនិយោគទៅវិញទៅមក ការរុករក ការជីកយករ៉ែ និងការអនុវត្តបញ្ញាសិប្បនិម្មិត ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ប្រទេសប្រេស៊ីលមានទុនបម្រុងរ៉ែដ៏កម្រធំជាងគេទីពីររបស់ពិភពលោក ដែលប្រើប្រាស់ក្នុងផលិតផលជាច្រើនប្រភេទ រួមទាំងសម្រាប់ ទូរស័ព្ទស្មាតហ្វូន យានយន្តអគ្គិសនី បន្ទះសូឡា និងម៉ាស៊ីនយន្តហោះ។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានប្រាប់អ្នកសារព័ត៌មានថា “ការបង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើបញ្ហាថាមពលកកើតឡើងវិញ និងរ៉ែដ៏កម្រ គឺជាស្នូលនៃកិច្ចព្រមព្រៀងឈានមុខគេដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ”៕
ប្រែសម្រួលៈ ណៃ តុលា
