ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ បង្ហាញសុទិដ្ឋិនិយម​ចំពោះ​ពន្ធបដិការរបស់អាមេរិក ១០% ដែល​ជា​សញ្ញាល្អ ក្នុងការបង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក ជា​ពិសេសអតីតពលករ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈលោក ស៊ុន មេសា បានបង្ហាញ​សុទិដ្ឋិ​​និយមចំពោះពន្ធ​បដិការជា​សកល​របស់​សហ​រដ្ឋ​​អាមេរិកមកត្រឹម ១០ភាគរយ ដោយលោក​បាន​ចាត់​​ទុកថា វាជាសញ្ញាល្អ​សម្រាប់វិស័យ​វាយ​នភណ្ឌ​កាត់​ដេរសម្លៀកបំពាក់ និងផលិត​ផលិត​ផលធ្វើ​ដំណើរ និងកាបូប ដែលនឹងបង្កើតឱកាស​ការងារ​កាន់​តែច្រើនសម្រាប់ពលរដ្ឋកម្ពុជា។

ការលើកឡើងនេះ ក្រោយពីតុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញ​សាលក្រម​សម្រេចលុបចោល​ពន្ធគយ​សកល​ជា​ឯកតោភាគីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្មានម៉ោង បន្ទាប់ពីការ​ចេញសាល​ក្រមរបស់​តុលា​ការកំពូលអាមេរិក លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទ​បញ្ជាប្រកាស​ពីការយក​ពន្ធគយសកលថ្មីមួយ ១០ភាគ​រយលើទំនិញនាំ​ចូល​ពី​បណ្ដា​ប្រទេស​ទាំង​អស់​នៅជុំវិញពិភពលោក ដែល​មានរយៈពេល ១៥០ថ្ងៃ។

លោក ស៊ុន មេសា បានថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ថា ប្រសិនបើគ្មាន​អ្វីប្រែប្រួល​នាថ្ងៃ​ខាង​មុខ​នេះ​ទេ វិស័យវាយ​នភណ្ឌកាត់​ដេរសម្លៀក​បំពាក់ ផលិត​ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា នឹង​វិវត្ត​កាន់តែល្អប្រសើរថែមទៀត ជាពិសេសបង្កើត​ឱកាសនៃការទាក់​ទាញគម្រោង​វិនិយោគ​បរទេ​សថ្មីៗ​ទាក់ទងវិស័យវាយនភណ្ឌកាត់ដេរ ដើម្បី​ផ្គត់ផ្គង់​ការ​ងាររាប់ម៉ឺនកន្លែងជូនប្រជាពលរដ្ឋខ្មែរ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«ពន្ធគយថ្មីមួយ ១០​ភាគ​រយរបស់សហរដ្ឋអាមេរិក នឹងបង្កើតឱកាស​កា​រ​ងាររាប់ម៉ឺនកន្លែង​ទៀតសម្រាប់ប្រជា​ពលរដ្ឋ​របស់​យើង។ យើងមានសង្ឃឹមច្រើន​ចំពោះការរីក​ចម្រើន​នូវវិស័យវាយនភណ្ឌកាត់ដេររបស់យើង គឺនឹងមាន​ស្ថេរ​ភាពល្អ មានគម្រោងថ្មីៗ មាន​ក្រុមហ៊ុន​បរទេស​ថ្មីៗមកថែមទៀត»។

ទន្ទឹមនឹងឱកាសមកដល់ ​លោក ស៊ុន មេសា បាន​អំពាវ​នាវដល់ប្រជាពលរដ្ឋ និងយុវជន​ខ្មែរគ្រប់​រូប​ខិតខំ​ប្រឹងប្រែងពង្រឹងសមត្ថភាព​របស់ខ្លួន​តាម​រយៈការសិក្សារៀនសូត្រជំនាញពាក់ព័ន្ធ និងស្វែង​យល់​ពីប​ច្ចេកវិទ្យាដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដើម្បីត្រៀន​​ខ្លួនឆ្លើយ​តប​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​នាពេលបច្ចុប្បន្ន និងអនាគត៕

To Top