កំពត ៖ បន្ទាប់ពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋតាមបណ្ដាក្រុង-ស្រុក នៅទូទាំងខេត្តបានប្រមាណជាង ៣ពាន់ករណីនាពេលកន្លងមកនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តការដោះស្រាយជូនពលរដ្ឋដែលកំពុងជួបបញ្ហាជាបន្តទៀត។

សកម្មភាព នៃការដោះស្រាយត្រូវបានផ្អាកមួយរយៈ ព្រោះពុំមានពាក្យបណ្តឹងឡើងមកកាន់រដ្ឋបាលខេត្ត ហើយទំនាស់មួយចំនួនត្រូវបានដោះស្រាយបញ្ចប់នៅថ្នាក់ឃុំ-សង្កាត់ និងក្រុង-ស្រុក។ តែដោយសារមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពួកគាត់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ម៉ៅ ធនិន បានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលវេទិការនេះធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។

ក្នុងដំណើរការនៃការដោះស្រាយវិវាទនេះ លោក អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ក្នុងយន្តការសម្រាប់ការសម្របសម្រួល និងដោះស្រាយវិវាទទាំងអស់ លោក មិនអាចលំអៀងទៅនរណាម្នាក់បាននោះទេ ព្រោះប្រជាពលរដ្ឋគ្រប់រូបក្នុងខេត្ត គឺជាគ្រួសារតែមួយដែលមាន លោក ជាសមាជិកម្នាក់ ហើយលោក ចង់ឱ្យសមាជិកនៃគ្រួសារដ៏ធំមួយនេះ រក្សាបាននូវភាពថ្លៃថ្នូរជាមនុស្ស បើអត់ត្រូវសុំ បើខ្ចីគេត្រូវសងគេវិញ បើយកដីគេត្រូវឱ្យម្ចាស់គេវិញ កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬមានគំនំគុំគួនគ្នា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមជាឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។

ក្នុងឱកាសនោះ លោក អភិបាល ក៏បានរំលឹកដែរថា ប្រមុខរាជរដ្ឋាភិបាលបានលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតជាថ្នូរ ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ហើយថែមទាំងបានចែកកម្មសិទ្ធិដីធ្លីជូនពលរដ្ឋកាន់កាប់ និងប្រើប្រាស់ ដើម្បីលើកកម្ពស់ជីវភាពគ្រប់ក្រុមគ្រួសារឱ្យកាន់តែល្អប្រសើរ ចុះហេតុអ្វី យើងរស់រានមានបានប៉ុណ្ណេះហើយ យើងនៅមានគំនិតលោភលន់ បៀតបៀន និងឈ្លោះប្រកែកគ្នាទៀត ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត គឺបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋបានចំនួន ៣.២៥៣ករណីប្រកបដោយជោគជ័យរួចមកហើយ៕


