ព័ត៌មានជាតិ

លោក លឹម ប៊ុនលី ត្រូវបានតែងតាំង ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង

ភ្នំពេញ៖លោក អ៊ិត ប្រាំង រដ្ឋលេខាធិការតំណាងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមអនុក្រឹត្យ ស្ដីពីការតែងតាំងមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក លឹម ប៊ុនលី ត្រូវបានតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងនៃក្រសួងរ៉ែ និងថាមពល។

ក្នុងឱកាសនោះ លោក សុខ លូ ថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ដើម្បីគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត សហការទប់ស្កាត់រាល់ការកាយភ្នំយករ៉ែខុសច្បាប់ គ្រប់គ្រងស្ថានីយប្រេង ហ្គាស និងថាមពលផ្សេងៗ ឱ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និង យុទ្ធសាស្ត្រថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

លោក សុខ លូ ណែនាំមន្ទីររ៉ែនិងថាមពល ត្រូវក្ដាប់ឱ្យបាននូវគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរ៉ែ និងថាមពល។ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុត នូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ របស់ក្រសួង និងការចង្អុលបង្ហាញ របស់រដ្ឋបាលខេត្ត ។ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។

លោក អ៊ិត ប្រាំង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោក ស្នើរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការ សម្របសម្រួលជាមួយមន្ទីររ៉ែ និងថាមពលដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើន៕

To Top