ព័ត៌មានជាតិ

លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម

កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ក្នុងឱកាសនោះថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្កកំពង់ចាម ដែលដឹកនាំដោយ លោកសន្តិបណ្ឌិត នេត សាវឿន ជាប្រធានក្រុមការងារ បានសម្រេចនូវលទ្ធផលសកម្មភាពការងារជាច្រើន ដែលបានចូលរួមជួយគាំទ្រយ៉ាងមានប្រសិទ្ធភាពដល់រដ្ឋបាលខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ជាពិសេសគឺបានចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងបំផុសចលនាឱ្មមានការគាំទ្រ និងការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍសង្គមជាតិ ឲ្ររីកចម្រើនឈានឡើង។

លោកអភិបាលខេត្តបានបន្តថា តាមរយៈការគាំទ្រ និងជំរុញពីក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកនៃខេត្តកំពង់ចាមបានខិតខំការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានធ្វើឱ្យបរិយាកាសសន្តិសុខនៅតាមសហគមន៍ទូទាំងខេត្ត កាន់តែមានភាពកក់ក្តៅ ហើយប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនានិងទំនុកចិត្ត ហើយវាក៏ជាមូលដ្ឋានដែលបានបង្កបរិយាកាសល្អប្រសើរ ដល់ដំណើរការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

លោកសន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនោះ កោតសរសើរនូវលទ្ធផលល្អប្រសើរដែលខេត្តកំពង់ចាមធ្វើបាន។ ចំណុចនេះសបញ្ជាក់ឲ្យឃើញថា គោលគំនិត និងការឈ្លាសវៃរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត គឺជាការងារចាំបាច់បំផុត និងមានគុណប្រយោជន៍បំផុត រួមជាមួយក្រុមការងារ រួមជាមួយអាជ្ញាធរគ្រប់ថ្នាក់ យើងបានបំពេញតួនាទីយ៉ាងល្អ នៃការងារមួយឆ្នាំកន្លងទៅនេះ។

លោកនាយករដ្ឋមន្ត្រីស្តីទី ក៏បានកោតសរសើរដល់ លោក លោកស្រីអនុប្រធានក្រុមការងារខេត្ត និងប្រធានក្រុមការងារក្រុង ស្រុក ទាំង១០ ដែលពេញមួយឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងទាំងអស់គ្នា ដែលធ្វើឲ្យយើងសម្រេចលទ្ធផលល្អប្រសើរ ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top