លោក Xi Jinping ផ្ញើសារអបអរសាទរ លោក គីម ជុងអ៊ុន ដែលត្រូវបានបោះឆ្នោត ជ្រើសរើសជាអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើង
នៅថ្ងៃទី២៣ ខែកុម្ភៈ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារអបអរសាទរជូនចំពោះលោក គីម ជុងអ៊ុន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើង នៅក្នុងសមាជគណបក្ស ពលករកូរ៉េខាងជើងលើកទី៩។
ក្នុងសារជូនពរ លោក Xi Jinping បានលើកឡើងថា ការបោះឆ្នោត ជ្រើសរើសសមមិត្ត គីម ជុងអ៊ុន ជាអគ្គលេខាធិការ នៃគណបក្ស ពលករកូរ៉េខាងជើង ម្តងទៀត វាបានឆ្លុះបញ្ចាំងពីការជឿទុកចិត្តខ្ពស់ និងការគាំទ្រយ៉ាងស្មោះស្ម័គ្រពីគណបក្សពលករកូរ៉េខាងជើង រដ្ឋាភិបាល និងប្រជាជនរបស់កូរ៉េខាងជើង ។ សូមជូនពរគណបក្ស និង ប្រជាជនកូរ៉េខាងជើង ឱ្យស្ថិតក្រោមការដឹកនាំដ៏រឹងមាំ របស់គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និង ឆ្លៀត ឱកាសសមាជ លើកនេះ ដើម្បីជំរុញបុព្វហេតុសង្គមនិយម របស់ប្រទេសកូរ៉េខាងជើង ត្រួសត្រាយស្ថានការណ៍ថ្មីជាបន្តបន្ទាប់ ។
ប្រទេសចិន និងកូរ៉េខាងជើង គឺជាប្រទេសជិតខាងសង្គមនិយមដ៏រួសរាយរាក់ទាក់ និង ជួយយកអាសាគ្នា ។ ការគាំពារ ពង្រឹង និងអភិវឌ្ឍឱ្យបានល្អ នូវទំនាក់ទំនងចិន-កូរ៉េខាងជើង តែងតែជាគោលការណ៍ ណែនាំដ៏រឹងមាំមិនងាករេរបស់បក្ស និងរដ្ឋាភិបាលចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានជួបពិភាក្សា ជាមួយសមមិត្តអគ្គលេខាធិការ ជាច្រើនលើកច្រើនសារ ដោយបានដឹកនាំប្រកបដោយប្រសិទ្ធភាព នូវការអភិវឌ្ឍវិជ្ជមាន នៃទំនាក់ទំនងចិន-កូរ៉េខាងជើង៕
