សម្តេចតេជោ ឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ហើយកម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ
ភ្នំពេញ ៖ ពាក់ព័ន្ធប្រពៃណីពិធីបុកល័ក្ត , សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា សម្តេច ឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនា ហើយកម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លើបណ្តាញសង្គមកំពុងជជែក និងមានទស្សនៈច្រើន ពាក់ព័ន្ធប្រពៃណីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ពាក់ព័ន្ធតួអង្គខ្មែរឥស្លាម។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ថា «ម៉ោង ២ទៀបភ្លឺ ថ្ងៃ២៤ កុម្ភៈ ២០២៦នេះ នៅពេលខ្ញុំ បន្តចូលរួម ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈ ទាក់ទងដល់វិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម» ។
សម្ដេចតេជោ បន្ដថា «ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ ឱ្យបានច្បាស់ នូវចំណុចនេះ ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណា ជាការប្រមាថ ឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារ សុីជម្រៅខ្លាំងណាស់ លើបញ្ហាសាមគ្គីភាពជាតិសាសន៍ និងសាសនា ។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក»។
សម្ដេចតេជោ បន្ថែមថា «សម្រាប់ខ្ញុំ តាំងពីធំដឹងក្តីមក ខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នា និងបន្តមកទៀតខ្ញុំរៀបការកូន ៥នាក់ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដ ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ» ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់ គឺសាមគ្គីភាពជាតិសាសន៍ និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ។ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះ នៅពេលសេះ
ចេញផុតពីក្រោល»៕
