ត្បូងឃ្មុំ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងនិតីវិធីទទួលបាន ឥណទានរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ជូន ប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាព ពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្ម ក្នុងខេត្តត្បូងឃ្មុំ ក្នុងគោលដៅ បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋាន ផលិតក្នុងស្រុក និងជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈម មួយចំនួនកើតចេញ ពី COVID-19 និងបញ្ហា EBA ជាដើម ។
ការផ្សព្វផ្សយខាងលើនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួល ពីរដ្ឋបាលខេត្ត ត្បូងឃ្មុំ ក្រោមអធិបតីភាព របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការបន្តចុះផ្សព្វផ្សាយគោលការណ៍ ឥណទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាល បានទំលាក់ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។
ក្នុងឱកាសនោះ លោក កៅ ថាច បន្តផ្សព្វផ្សាយពីការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួល កម្មវិធីហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាព គ្របដណ្តប់ និងការកែសម្រួលលក្ខខណ្ឌ មួយចំនួនផងដែរ។
លោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ អោយបន្តបង្កើនការផលិត ប្រកបដោយគុណភាព និងមានស្តង់ដារ និងរៀបចំផែនការ ក្នុងការដាំដុះ អោយបានត្រឹមត្រូវ ដើម្បីងាយស្រួល ក្នុងរកទីផ្សារ និងចៀសវាងការដាំដុះ ច្រើនលើសតម្រូវការ ដែលជាដើមហេតុ ធ្វើអោយតំលៃធ្លាក់ចុះ។ ដោយឡែកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ច ក្នុងការទំលាក់ឥណទាន គ្រប់ពេលវេលាសម្រាប់ជួយ ដល់បងប្អូន ដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបាន តាមលក្ខខណ្ឌរបស់ធនាគារ។
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ ផ្សេងៗ ដែលបងប្អូន បានសួរមកកាន់លោក និងបានបំភ្លឺជូន ដល់បងប្អូនយ៉ាងផុសផុល និងមានភាពស្និតស្នាល។
សូមបញ្ជាក់ថា លោក កៅ ថាច និងសហការី បានចុះផ្សព្វផ្សាយ គោលការណ៍ឥណទានពិសេស ចំនួន ៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល បានចំនួន ៨ខេត្តរួចមកហើយ និងមានអ្នកចូលរួម សរុបចំនួនប្រមាណជាង ១០០០នាក់។ គិតមកដល់ថ្ងៃនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចី របស់កសិករ ក្រុមសហគ្រាស ធុន តូច និងមធ្យម បានចំនួន ២៦០ពាក្យ ដែលមាន ទំហំឥណទាន បានស្នើសុំប្រមាណ ២៥លានដុល្លារ សហរដ្ឋអាមេរិក៕