កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង និងលេខអន្តរាគមន៍ Hotline1292 នៅសាលាវិទ្យាល័យ ទ័ពមានជ័យ ស្រុកគងពិសី
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងមានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកគងពិសី បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ព្រមទាំងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យ ទ័ពមានជ័យ ស្ថិតក្នុងភូមិត្រពាំងលើក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដោយក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមសហការពីគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចូលរួមស្ដាប់ការអប់រំផ្សព្វផ្សាយ ចំនួន១៣៦០ផងដែរ។ ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និងក្រុមការងារអាវុធហត្ថ ក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីនៃរដ្ឋបាលស្រុកគងពិសី គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូចំនួន ព្រមទាំងសិស្សានុសិស្សទាំងអស់ បានគោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា។

លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើសនិងក្រុមការងារជំនាញកងរាជអាវុធហត្ថក៏បានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូ និច) និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)៕










