ព័ត៌មានអន្តរជាតិ

ផ្ទុះជម្លោះព្រំដែន ដោយកម្លាំងយោធា រវាងប្រទេសអាហ្គានីស្ថាន និងប្រទេសប៉ាគីស្ថាន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប្រទេស អាហ្វហ្គានីស្ថាន បានរាយការណ៍ កាលពីថ្ងៃអង្គារថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរសៀលថ្ងៃអង្គារ រវាងកងកម្លាំង អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាននៅតំបន់ព្រំដែន ហើយការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ក្នុងតំបន់ជាប់ព្រំដែនប៉ាគីស្ថាន។

ប្រភព​បន្ត​ថា អាវុធ​ធុន​ធ្ងន់​ត្រូវ​បាន​ភាគី​ទាំង​សងខាង​ប្រើ​ ហើយ​មាន​អ្នក​រង​របួសជាច្រើននាក់ ។ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន​មិន​ទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​អំពី​ការ​ប៉ះ​ទង្គិច​ចុង​ក្រោយ​នេះ​ទេ។

មុននេះ លោក Zabihullah Mujahid អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបចំពោះការវាយប្រហារ តាមអាកាសដែលធ្វើឡើង ដោយប៉ាគីស្ថាននៅថ្ងៃអាទិត្យ។

យ៉ាងណាក្តីបើយោងតាមភាគី អាហ្វហ្គានីស្ថានបាននិយាយថា យោធាប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យបានធ្វើការវាយប្រហារ តាមអាកាសនៅតាមតំបន់ព្រំដែនទ្វេភាគី ដោយបានសម្លាប់មនុស្ស១៨នាក់ និង៥នាក់ផ្សេងទៀតរងរបួស៕

ប្រែសម្រួល៖ស៊ុនលី

To Top