សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជាង ៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ ក្នុងរយៈពេល ៣សប្តាហ៍
ភ្នំពេញ ៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល ក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។
ដោយឡែក សម្រាប់ក្រុមក្មេង ទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈាន ដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
បើតាមរបាយការណ៍ដដែល សកម្មភាព បង្ក្រាបក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ភាគច្រើនកើតមាន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។
គួរកត់សម្គាល់ថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបាន មិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន៕
