ព័ត៌មានជាតិ

អភិបាលខេត្តកំពត បង្ហាញពីចក្ខុវិស័យ ​ក្នុងដំណើរការអភិវឌ្ឍ ខេត្តទៅមុខទៀត ដើម្បីលើកកម្ពស់ ជីវភាពរបស់ពលរដ្ឋ

កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញ ពីចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងដំណើរការអភិវឌ្ឍខេត្ត បន្តទៅមុខទៀត ដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ពលរដ្ឋ។

ការលើកឡើងរបស់ លោក ម៉ៅ ធនិន នាឱកាសអញ្ជើញទទួល ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ គណៈកម្មការទី៧ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាការងារ ដើម្បីស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម វិធានការដោះស្រាយ និងចក្ខុវិស័យទៅមុខរបស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅភូមិសាស្ត្រខេត្តកំពត។

ក្នុងឱកាសនោះដែរ លោក ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានអនុវត្តភារ កិច្ចដោយការទទួលខុសត្រូវ និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាអនុវត្តន៍ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាបាលបានល្អប្រសើរលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានបង្ហាញ ពីចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងដំណើរការអភិវឌ្ឍខេត្ត បន្តទៅមុខទៀតដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ នៅគ្រប់មូលដ្ឋានភូមិ ឃុំ ក្រុង-ស្រុក ដើម្បីបង្ករភាពងាយស្រួលដល់ពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាព រស់នៅរបស់ពលរដ្ឋ។

ទន្ទឹមនឹងនោះដែរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបន្តលើកកម្ពស់វិស័យអប់រំ ដោយការលើកកម្ពស់គុណភាពបង្រៀន និងសិក្សា ការអភិវឌ្ឍយុវជន និងកីឡា រួមជាមួយការអភិរក្ស និងលើកតម្កើង វប្បធម៌ប្រពៃណី ក៏ដូចជាការជំរុញវិស័យទេសចរណ៍ ឱ្យមានកំណើនប្រកបដោយចីរភាពភាព៕

To Top