ព័ត៌មានជាតិ

អភិបាលស្រុកបាកាន ដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យការងារឈូសឆាយ និងរៀបចំដីឡូត៌សម្រាប់បងប្អូនប្រជាពលរដ្ឋសង់លំនៅដ្ឋានថ្មី

ពោធិ៍សាត់៖ ដោយយោងតាមកិច្ចចង្អុលការរបស់លោក ខូយ រីដា អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការងារឈូសឆាយ និងរៀបចំដីឡូត៍ សម្រាប់បងប្អូនប្រជាពលរដ្ឋសង់ជាលំនៅដ្ឋានថ្មី។

សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានស្ម័គ្រចិត្តយល់ព្រមរុះរើ និងដោះដូរចេញពីដីចំណីផ្លូវ ជុំវិញបរិវេណទេពឧកញ៉ាឃ្លាំងមឿង និងទេពជំទាវ ខាន់ ខៀវ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបាកាន បានណែនាំឲ្យក្រុមការងារបន្តអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ព្រមទាំងជំរុញការសម្របសម្រួលជាមួយប្រជាពលរដ្ឋឲ្យបានជិតស្និទ្ធ ដើម្បីធានាបាននូវភាពរលូន និងប្រសិទ្ធភាពក្នុងការរៀបចំទីតាំងថ្មី។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពបរិស្ថានជុំវិញតំបន់ប្រវត្តិសាស្ត្រ ព្រមទាំងធានាអត្ថប្រយោជន៍សមស្របជូនប្រជាពលរដ្ឋ៕

ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល

To Top