សម្តេចធិបតីប្រាប់ AFP ៖ មជ្ឈមណ្ឌលឆបោកកំពុង «បំផ្លាញ» សេដ្ឋកិច្ចកម្ពុជា
ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក៖ សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រាប់កាសែត AFP កាលពីថ្ងៃពុធថា មជ្ឈមណ្ឌលឆរបោក កំពុងបំផ្លាញសេដ្ឋកិច្ចប្រទេសកម្ពុជា និងធ្វើឱ្យខូចឈ្មោះប្រទេសជាតិ ដោយសម្តេចបានច្រានចោល នូវការចោទប្រកាន់អំពីការសមគំនិត របស់រដ្ឋាភិបាល។

កម្ពុជាបានក្លាយជាចំណុចក្ដៅ សម្រាប់ក្រុមឧក្រិដ្ឋជន ដែលដំណើរការឧស្សាហកម្មបោកប្រាស់តម្លៃរាប់ពាន់លានដុល្លារ ដែលក្រុមឆបោកទាំងនោះ បានលួងលោមអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក ឱ្យធ្លាក់ក្នុងអន្ទាក់ស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយប័ណ្ណគ្រីបតូ (cryptocurrency)។
សម្តេចធិបតី បានប្រាប់ AFP ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា៖ «បណ្តាញឆបោក ដែលយើងហៅថា សេដ្ឋកិច្ចងងឹត កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់យើង។ វាបានធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អ» ដោយសម្តេចបន្ថែមថា បញ្ហានេះបានបង្ក ផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។
«នេះជាមូលហេតុ ដែលយើងត្រូវតែបោសសម្អាតវាចេញ»។
យោងតាមមន្ត្រីរដ្ឋាភិបាល ការបង្ក្រាបបានឈាន ដល់ការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងការធ្វើបត្យាប័ន អតីតទីប្រឹក្សាថ្នាក់ដឹកនាំកម្ពុជាម្នាក់ ទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ។
ប៉ុន្តែ អ្នកជំនាញក្នុងឧស្សាហកម្មមួយចំនួន បានចោទសួរអំពីភាពពិតប្រាកដ នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយចង្អុលបង្ហាញពីការចោទប្រកាន់អំពីទំនាក់ទំនង រវាងមន្ត្រីកម្ពុជា និងបណ្តាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
សម្តេចបានមានប្រសាសន៍ថា៖ «មជ្ឈមណ្ឌលឆបោកអាចនឹងផ្តល់លទ្ធផលផ្ទាល់ខ្លះៗ ដល់វិស័យអចលនទ្រព្យ ការវិនិយោគមួយចំនួន ការសាងសង់ និងការទិញដូរដើម្បីបង្កើតមជ្ឈមណ្ឌលទាំងនោះ»។
នាយករដ្ឋមន្ត្រីបានបន្តថា៖ «ប៉ុន្តែប្រាក់ចំណូលភាគច្រើន មិនបានចូលទៅក្នុងរដ្ឋាភិបាលកម្ពុជានោះទេ»។
អ្នកជំនាញនិយាយថា កម្ពុជាគឺជាកន្លែងដែលមានមជ្ឈមណ្ឌលឆបោកជាច្រើន ដោយមានមនុស្សប្រមាណ ១០០,០០០ នាក់ ដែលភាគច្រើនជាជនរងគ្រោះនៃការជួញដូរមនុស្ស កំពុងប្រព្រឹត្តការឆបោកតាមអ៊ីនធឺណិត។
របាយការណ៍ឆ្នាំ ២០២៤ របស់វិទ្យាស្ថានសន្តិភាព សហរដ្ឋអាមេរិក (USIP) បានប៉ាន់ប្រមាណថា ប្រាក់ចំណេញពីការឆរបោក តាមអ៊ីនធឺណិតក្នុងប្រទេសកម្ពុជាមានលើសពី ១២.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹងពាក់កណ្តាលនៃ GDP ផ្លូវការ របស់ប្រទេស ប៉ុន្តែ សម្តេច បានបដិសេធថា ប្រទេសកម្ពុជា មិនបានពឹងផ្អែកលើការឆរបោកនោះទេ។
សម្តេចបានមានប្រសាសន៍ថា៖ «មនុស្សជាច្រើននិយាយថា GDP របស់កម្ពុជាពឹងផ្អែកលើការឆបោក។ មិនមែនទេ។ យើងពឹងផ្អែកលើសេដ្ឋកិច្ចពិតប្រាកដ ដូចជាទេសចរណ៍ ការផលិត និងវិស័យផ្សេងៗទៀត» ។
ប្រតិបត្តិការចេញ ពីប្រទេសផ្សេងៗ ក្នុងអាស៊ីអាគ្នេយ៍ អ្នកដែលធ្វើការឆរបោកទាំងនោះ ជួនកាលជាអ្នកស្ម័គ្រចិត្ត ហើយជួនកាលជាជនជាតិបរទេស ដែលត្រូវបានគេជួញដូរ ចាប់ឃុំខ្លួន និងបង្ខំឱ្យធ្វើការក្រោមការ គំរាមកំហែងធ្វើទារុណកម្ម។
ដំបូងឡើយ គោលដៅចម្បងគឺអ្នកនិយាយភាសាចិន ដែលពួកគេបានបោកបញ្ឆោតយកប្រាក់រាប់ពាន់លានដុល្លារ បង្កឱ្យមានការខឹងសម្បារជាសាធារណៈ។ បច្ចុប្បន្ន ក្រុមឆបោកបានពង្រីកប្រតិបត្តិការរបស់ពួកគេជាច្រើនភាសា ដើម្បីលួចប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីជនរងគ្រោះជុំវិញពិភពលោក។
កាលពីឆ្នាំមុន ការបង្ក្រាបជាបន្តបន្ទាប់ ដែលភាគច្រើនជំរុញដោយទីក្រុងប៉េកាំង ដែលមានឥទ្ធិពលសេដ្ឋកិច្ច និងការទូតយ៉ាងខ្លាំងនៅ ក្នុងតំបន់ បានឃើញកម្មករឆបោករាប់ពាន់នាក់ ត្រូវបានដោះលែង ពីមជ្ឈមណ្ឌលនានាក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ដែលភាគច្រើនគឺទៅប្រទេសចិន។ យុទ្ធនាការនេះបានឈានដល់ការចាប់ខ្លួនតួអង្គធំបំផុតកាលពីខែមករា គឺការចាប់ខ្លួន និងធ្វើបត្យាប័ន លោក ចេន ហ្ស៊ី (Chen Zhi) ដើមកំណើតចិន ពីប្រទេសកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ AFP នៅទីក្រុងព្រុចសែលថា៖ «យើងមិនបានដឹងថាគាត់ជាមេខ្លោងនោះទេ»។
សម្តេចបានបន្ថែមថា ការត្រួតពិនិត្យប្រវត្តិរូប មិនបានបង្ហាញពីសញ្ញាព្រមានណាមួយឡើយ ដោយកត់សម្គាល់ថា ក្រុមហ៊ុនអាជីវកម្ម Prince Group របស់លោក ចេន ដែលអាជ្ញាធរសហរដ្ឋអាមេរិកនិយាយថា ជាការបិទបាំងសម្រាប់ «អាណាចក្រឆរបោក តាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំ» គឺមានវត្តមាននៅក្នុងប្រទេសជាច្រើន រួមទាំងចក្រភពអង់គ្លេសផងដែរ។ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបាននិយាយថា ចាប់តាំង ពីប្រហែលឆ្នាំ ២០១៥ មក ក្រុមហ៊ុន Prince Group បានប្រតិបត្តិការ នៅក្នុងប្រទេសជាង ៣០ ក្រោមរូបភាព អាជីវកម្មអចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងអាជីវកម្មទំនិញប្រើប្រាស់ស្របច្បាប់ ។ មុនពេលមានការ ចោទប្រកាន់ប្រឆាំងនឹងរូបគាត់ សម្រាប់ភ្នំពេញ គាត់គឺ «គ្រាន់តែជាអ្នកជំនួញម្នាក់ ដែលរួមចំណែកដល់សេដ្ឋកិច្ច»។
សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា៖ «មិនថាជាសកម្មភាពអ្វីនោះទេ យើងមិនបានដឹងឡើយ» ដោយលោកបន្ថែមថា អាជ្ញាធរបានចាត់វិធានការភ្លាមៗ នៅពេលពួកគេបានដឹងអំពីការ ចោទប្រកាន់ពីបទល្មើសទាំងនោះ។
ប្រភព៖ AFP
