ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុប ចំនួន ៣០៧.៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន២ ក្រោមគ្រោងការណ៍ជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសារល្យាណ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃនេះ ដោយ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយចំនួន២ សម្រាប់អនុវត្តគម្រោង។

១. គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង (ថវិកាចំនួន ១៣៤.៩៦៩ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋាករទឹកខេត្តស្វាយរៀង។ ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានតម្លើងនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។

២. គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៧២,៧៥១. ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ។ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ១ខ្នង ៥ បន្ទប់ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សូមរំលឹកថា គម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងគូសាណូណ៌ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាព អកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ ដូចជាលើកកម្ពស់ភាពមានម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី អនុវត្ត គម្រោងគូសាណូណិជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
