ព័ត៌មានជាតិ

ក្រសួងវប្បធម៌ អំពាវនាវ ដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ សិក្សាស្រាវជ្រាវឈ្វេងយល់ ឱ្យច្បាស់អំពីប្រវត្តិ សម្លៀកបំពាក់ប្រពៃណី

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវនាវដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ ព្យាយាម និងសិក្សាស្រាវជ្រាវឈ្វេង យល់ឱ្យច្បាស់អំពីប្រវត្តិ សម្លៀកបំពាក់ប្រពៃណី មុននឹងប្រើប្រាស់ជាសាធារណៈ។

ការអំពាវនាវរបស់ ក្រសួងវប្បធម៌ បន្ទាប់ពីក្រសួងសង្កេតឃើញមានការផ្សព្វផ្សាយ សម្លៀកបំពាក់ដោយប្រើអាវផាយ ស្បៃ សំពត់ហូល ឬផាមួងមកច្នៃប្រឌិតថ្មី ដើម្បីស្លៀកពាក់បង្ហាញនៅទីសាធារណៈ ក្នុងគោលបំណងចូលរួមលើកតម្កើងអត្តសញ្ញាណវប្បធម៌ប្រពៃណី និងជំរុញឱ្យមានការអភិរក្សតាមការយល់ដឹងរៀងៗខ្លួន ដែលសុទ្ធតែជាសកម្មភាពគួរជាទីគោរព និងលើកទឹកចិត្ត។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២៦ កុម្ភៈ បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកច្នៃម៉ូតសម្លៀកបំពាក់ សូមព្យាយាម សិក្សាស្រាវជ្រាវឈ្វេងយល់ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ មុននឹង ប្រើប្រាស់ជាសាធារណៈ ព្រោះហេតុថា ការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ ពីតម្លៃ និងឫសគល់ដើមឱ្យច្បាស់លាស់នោះ អាចនាំមកនូវលទ្ធផលអវិជ្ជមាន ធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌ ជាតិខ្លួនទៅវិញ»។

សូមរំលឹកថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ ប្រពៃណី របស់ជនជាតិខ្មែរ តាំងពីសម័យបុរាណមក ។ បច្ចុប្បន្ន ប្រជាជនយើងគ្រប់មជ្ឈដ្ឋាននិយមប្រើប្រាស់សម្លៀកបំពាក់ ប្រពៃណីទាំងនេះក្នុង ឱកាសជាច្រើន ដូចជា ពិធីបុណ្យជាតិ ពិធីផ្លូវការតូចធំ ពិធីមង្គលការ និងពិធីផ្សេងៗ ព្រមទាំងការ តុបតែងដើម្បីថតរូប ទុកជាអនុស្សាវរីយ៍ជាដើម ដែលសកម្មភាពទាំងនេះបង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ មោទនភាព និងការលើកតម្លៃ ចំពោះអត្តសញ្ញាណ ដ៏ថ្លៃថ្លារបស់ជាតិ ៕

To Top