កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។

កាលពីវេលាម៉ោង១២:២២នាទីរសៀល នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង សារ៉ាន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ជាប់ពាក់ករណីគ្រឿងញៀន ស្ថិតនៅភូមិថ្លុករាំង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ យ៉ាន បញ្ញាឫទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិទួលកេះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។


ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ លុះដល់វេលាម៉ោង១៣:៥៨នាទីរសៀល នាថ្ងៃ.ខែ.ឆ្នាំដដែលនេះផងដែរ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តសហការកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត មានឈ្មោះ ជៀប ឈុនលី(ហៅជុង) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជាលទ្ធផលកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់(ទំងន់ ២០៩.៦៤ក្រាម),ទូរស័ព្ទចំនួន ០៣គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង,ដែកកេះចំនួន០២,កាបូបស្ពាយចំនួន០១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក,ម៉ូតូចំនួន ០១គ្រឿង,កាតគ្រីម៉ូតូចំនួន ០១សន្លឹក និងថង់ច្រកគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕


