សម្តេចធិបតី ប្តេជ្ញាបន្តតាមគំរូវីរភាពរបស់សម្តេចតេជោ លើកស្ទួយវិស័យទេសចរណ៍
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្តេជ្ញាបន្តតាមគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» ដែលប្រារព្ធឡើងនៅឆ្នាំ២០២៧នេះ ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្តេចប្តេជ្ញាបន្តតាមគំរូវីរភាពរបស់សម្តេច តេជោ ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។
ដោយសម្តេចធិបតីបានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ក្នុងការធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតវៃ ដែលមានលក្ខណៈ ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ។
សម្តេចធិបតីបានស្នើឱ្យបន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ៕
