លោក អ៊ុច បូររិទ្ធ អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន ជូនវិរកងទ័ពជួរមុខ
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វិរយុទ្ធជនឈរជើង នៅទិសខេត្តព្រះវិហារ ឧត្តមានជ័យ ថ្មដា (ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤។

ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ពនៅគ្រប់ទីកន្លែង លោកអនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការនឹករឮក និងការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់វីរកងទ័ព កំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្តូផ្តាច់ការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា។

លោក អនុប្រធានទី១ បានបញ្ជាក់ថា «ការឈឺចាប់ ដែលបង្កឡើងដោយការរំលោភបំពាន យ៉ាងឃោរឃៅរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា មិនបានធ្វើឱ្យប្រជាជាតិ យើងចុះទន់ខ្សោយនោះទេ ផ្ទុយទៅវិញ ទង្វើទាំងនេះបានដុតបញ្ឆេះ នូវសន្ទុះសាមគ្គីភាព យ៉ាងខ្លាំងក្លា និងឯកភាពជាតិដ៏រឹងមាំ ដែលមិនអាចរង្គោះរង្គើបាន នៅក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចធិបតី»។

លោក អនុប្រធានទី១ បន្ដថា សាមគ្គីភាពនេះ ដែលកើតចេញពីជម្រៅទឹកចិត្ត និងមិនងាករេ មិនត្រឹមតែជាខែលការពាររបស់ប្រទេសជាតិក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពជាតិដ៏អស្ចារ្យបំផុត ក្នុងនាមជាប្រជាជាតិអធិបតេយ្យមួយ ដែលប្តេជ្ញាការពារទឹកដី មរតក និងអនាគតរបស់ខ្លួន៕





