ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរ ជុំទីបីទៀត ខណៈដែលកងកម្លាំង អាមេរិក កាន់តែច្រើនត្រូវបាន ដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា

បរទេស៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានត្រៀម ខ្លួនរួចជាស្រេច ដើម្បីជួបគ្នានៅថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ សម្រាប់ការចរចានុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកថា ជាឱកាសចុងក្រោយសម្រាប់ការទូត ខណៈដែលអាមេរិក បានប្រមូលផ្តុំកង នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងទៅកាន់មជ្ឈិមបូព៌ា ដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ ឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បានកិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោកមើលឃើញឱកាសមួយ ខណៈពេលដែលប្រទេសអ៊ីរ៉ង់ កំពុងតស៊ូនៅក្នុងប្រទេសជាមួយនឹងការប្រឆាំងកាន់តែខ្លាំងឡើង បន្ទាប់ពីការតវ៉ាទូទាំង ប្រទេសកាលពីខែមុន ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានអះអាងថា ខ្លួនចង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ទោះបីជាកម្មវិធីរបស់ខ្លួន ស្ថិតក្នុងស្ថានភាពខូចខាតក៏ដោយ បន្ទាប់ពីលោកត្រាំបានបញ្ជាឱ្យវាយប្រហារកាលពីខែមិថុនា លើទីតាំងនុយក្លេអ៊ែរចំនួនបី របស់សាធារណរដ្ឋអ៊ីស្លាម ដែលជាផ្នែកមួយនៃសង្គ្រាមរយៈពេល ១២ ថ្ងៃដ៏ធ្ងន់ធ្ងរកាលពីឆ្នាំមុន។

ប្រសិនបើការវាយប្រហារ របស់អាមេរិកកើតឡើង អ៊ីរ៉ង់បាននិយាយថា មូលដ្ឋានយោធាអាមេរិកទាំងអស់ នៅមជ្ឈិមបូព៌ានឹង ត្រូវបានចាត់ទុកថា ជាគោលដៅស្របច្បាប់ ដែលធ្វើឱ្យសមាជិកយោធា អាមេរិករាប់ម៉ឺននាក់ ប្រឈមនឹងហានិភ័យ ។ អ៊ីរ៉ង់ក៏បានគំរាមកំហែង វាយប្រហារអ៊ីស្រាអែល ផងដែរ មានន័យថា សង្គ្រាមក្នុងតំបន់ អាចផ្ទុះឡើងម្តងទៀត នៅទូទាំងមជ្ឈិមបូព៌ា៕

To Top