សមិទ្ធផលថ្មីបន្ថែម នៅពេទ្យបង្អែកព្រះនេត្រព្រះ ចូលរួមចំណែក ដល់ការបម្រើសេវាសុខភាព កាន់តែប្រសើរ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមិទ្ធផលថ្មី បន្ថែមនៅក្នុងមន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យទាំងមូល កាន់តែមានភាពរឹងមាំ និងកាន់តែប្រសើរឡើង សម្រាប់ការបម្រើសេវាផ្តល់ជូនប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យ និងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាល ទូទាំងខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ ព្រមទាំងផ្នែកឯកជន ត្រូវបន្តយកចិត្តទុក ជួយសម្របសម្រួលបង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្ត ទៅថ្ងៃអនាគត កាន់តែមានភាពធន់ រឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការងារបម្រើសេវាជូនប្រជាជន ។

លោកបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវបន្តការងារប្រចាំថ្ងៃប្រកបដោយបុរេសកម្ម និងប្រតិកម្មក្នុងករណីចាំបាច់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាឱ្យបាននូវគុណតម្លៃរបស់គ្រូពេទ្យទោះក្នុងកាលៈទេសៈណាក៏ដោយ។

រដ្ឋមន្រ្តីសុខាភិបាលបន្ថែមថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យទាំងអស់ត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍ សមត្ថភាពជំនាញជាប្រចាំ និងត្រូវបន្តចូលរួមការងារ ប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លង បញ្ហាសុខភាពសាធារណៈ ការថែទាំសុខភាពបឋម និងការងារអប់រំសុខភាព។

ទន្ទឹមនឹងនេះដែរ សាស្ត្រាចារ្យ ឈាង រ៉ា ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល វីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំតស៊ូយ៉ាងស្វិតស្វាញ ចូលរួមក្នុងស្មារតីការពារបូរណភាពទឹកដី ពីសង្រ្គាមឈ្លានពានរបស់ថៃ ដែលជាពេល វេលាដ៏លំបាកលំបិន និងធ្ងន់ធ្ងរបំផុតដែលអ្នកទាំងអស់គ្នា បានប្តូរផ្តាច់បំពេញភារកិច្ចដោយសា្មរតីម្ចាស់ការ ការលះបង់កម្លាំងកាយចិត្ត ឆន្ទៈមោះមុត ដើម្បីឧត្តមប្រយោជន៍ជាតិ ៕









