សម្តេចតេជោ ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការផ្អាក មិនឲ្យកូនប្រុសលោក អេ ភូថងចូលប្រកួត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរយ៉ាងទទូច ទៅឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការផ្អាក មិនឲ្យកូនប្រុសលោក អេ ភូថង ទាំង២រូប ចូលរួមប្រកួតទាំងក្នុងនិងក្រៅ ប្រទេសក្នុងរយៈ៦ខែ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ក្រោយសម្តេចសំណូមពរបែបនេះ ទៅកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយសារសម្តេច បានឃើញមានការផ្ទុះការវែកញែក លើបណ្តាញសង្គម ពាក់ព័ន្ធសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហាមឃាត់កីឡាករ២រូប មិនឲ្យប្រកួតរយៈពេល៦ខែ ក្នុងពេលកីឡាករទាំងពីររូប កំពុងត្រៀមប្រកួតនៅក្រៅប្រទេស ។
ជាមួយនឹងការហាមឃាត់នេះ សម្តេចក៏បានសំណូមពរ ដ៏ទទូចឲ្យសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹង នៃការផ្អាកមិនឲ្យកីឡាករ ទាំង២រូបឡើង លើសង្វៀនសិនព្រោះទាក់ទងជាមួយកិត្តិយស ជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបប នៃការងារផ្ទៃក្នុងសហព័ន្ធផង ។
សម្តេចតេជោបន្តថា ចំពោះការដោះស្រាយផ្សេងទៀត ត្រូវរង់ចាំឲ្យកីឡាករទាំង២រូប និងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំជួបពិភាក្សាគ្នារកដោះស្រាយជាក្រោយ ដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកកីឡាករប្រដាល់គុនខ្មែរ មិនឲ្យចូលរួមការប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែចំពោះកីឡាករ ២រូប ដែលជាយោធិនសេរី ដោយសារពួកគេមិនគោរព អនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។
កីឡាករទាំងពីររូបនោះ គឺអនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង និង នាយឯក អេ អាំម៉ារីនភូថងដែលត្រូវជាកូនប្រុសស្តេចគុនខ្មែរ គឺលោក អេ ភូថង ៕
