ព័ត៌មានជាតិ

កម្ពុជា-ប្រេស៊ីល​ ឯកភាពបង្កើតផែនការ សកម្មភាពជាក់ស្តែង អនុវត្តកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ដែលចុះហត្ថលេខា ជាមួយគ្នា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា​ ឯកភាពបង្កើតផែនការសកម្មភាព ជាក់ស្តែង ដើម្បីអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមប្រេស៊ីលប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះការតែងតាំងលោកស្រី ជាឯកអគ្គរដ្ឋទូតដែលមាននិវេសដ្ឋាននៅកម្ពុជាដំបូងគេ និងការបើកស្ថានទូតនៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរ នៃចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ ដែលមានរយៈពេល៣២ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៤។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីលទ្ធភាពគួរជាទីមោទនៈ លើការបង្កើតកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា និងប្រេស៊ីល តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការទេសចរណ៍កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

លោករដ្ឋមន្រ្តី បានស្នើរៀបចំឱ្យមានផែនការ សកម្មភាពជាក់ស្តែង និងលម្អិតតាមដំណាក់កាលនីមួយៗ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែសកម្ម និងជាប្រយោជន៍ដល់សេដ្ឋកិច្ច នៃប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះការជូនពររបស់ឯកឧត្តមរដ្ឋមន្រ្តី និងបានសម្តែងនូវការគាំទ្រ​ ចំពោះសំណើខាងលើ ដោយបានប្តេជ្ញាសម្របសម្រួល ជាមួយក្រសួងទេសចរណ៍ប្រេស៊ីល ដើម្បីជំរុញឱ្យមានផែនការសកម្មភាពជាក់ស្តែង សម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់ដែលបានចុះកន្លងមក ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ៕

To Top