កិច្ចចរចាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ជុំបន្ទាប់អាចនឹងត្រូវធ្វើឡើងនៅដើមខែមីនា
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា កិច្ចប្រជុំត្រីភាគីបន្ទាប់ អាចនឹងធ្វើឡើងនៅដើមខែមីនា នៅទីក្រុងអាប៊ូដាប៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំរវាងក្រុមចរចារបស់អ៊ុយក្រែន និងបេសកជន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក ហ្សេឡិនស្គី បានឧ្យដឹងថា មានការត្រៀមខ្លួន កាន់តែខ្លាំងឡើង សម្រាប់កិច្ចប្រជុំត្រីភាគីមួយផ្សេងទៀត ហើយការរៀបចំកំពុងដំណើរ ការសម្រាប់ទម្រង់កម្រិតមេដឹកនាំដែលអាចធ្វើទៅបាន។
លោក ហ្សេឡិនស្គី បានបន្ដថា “ឥឡូវនេះមានការត្រៀមខ្លួនកាន់តែច្រើន សម្រាប់ទម្រង់ត្រីភាគីបន្ទាប់។ ភាគច្រើនទំនងជា កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅអេមីរ៉ាត ជាពិសេស នៅទីក្រុង អាប៊ូដាប៊ី។ យើងរំពឹងថាទម្រង់នេះនឹងធ្វើឡើង នៅដើមខែមីនា”។ នៅក្នុងនោះដែរលោកបានបន្ថែមថា អ៊ុយក្រែន និងដៃគូរបស់ខ្លួនជឿថា ជម្លោះគួរតែត្រូវបានបញ្ចប់៕
ប្រែសម្រួល ឈូក បូរ៉ា
