លោក ប៉ែន បូណា ៖ កម្ពុជា នៅតែផ្តល់ការគាំទ្រ យ៉ាងពេញទំហឹងដល់ AOT
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានថ្លែងថា កម្ពុជានៅតែបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ក្នុងការចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំលោក ប៉ែន បូណា បានលើកឡើងថា កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និង អាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ស្របតាមស្មារតីនៃចំណុច១២ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោកថា “វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) គឺជាសាក្សីដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ នៅតំបន់ប្រាសាទព្រះវិហារ និងនៅភូមិសាស្រ្តតំបន់អានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍AOT ក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារទាំងបំពានរបស់យោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥៕

