កម្ពុជា-កូរ៉េ សហការយ៉ាង ជិតស្និទ្ធជាមួយគ្នា បង្ក្រាបបទល្មើសអនឡាញ
ភ្នំពេញ ៖ លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា-កូរ៉េ បានធ្វើកិច្ច សហប្រតិបត្តិ ជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្ក្រាបបទល្មើសឆបោកអនឡាញ ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP News) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គីម ឆាងយ៉ុងបានថ្លែងថា កូរ៉េ-កម្ពុជា បានរួមសហការយ៉ាង ជិតស្និទ្ធជាមួយគ្នា ដើម្បីឆ្លើយតបទៅនឹងការឆបោក តាមអនឡាញដោយផ្តោតលើ «ក្រុមការងាររួមកម្ពុជា-កូរ៉េ» ជាស្នូល ។
តំណាងឲ្យរដ្ឋាភិបាលកូរ៉េ ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្តល់ កិច្ចសហការយ៉ាងសកម្មលើការបង្ក្រាបបទល្មើសអនឡាញ ។
លោក គីម ឆាងយ៉ុងបញ្ជាក់ថា “យើងមានក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឲ្យដំណើរការ តាមរយៈការឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរកាលពី ខែតុលា ឆ្នាំមុន ហើយក្នុងរយៈពេលត្រឹមតែ២ខែ ប៉ុណ្ណោះ ក្រុមការងារចម្រុះយើងបានចុះបង្ក្រាប និងឃាត់ខ្លួនជនល្មើសករណីឆបោក តាមអនឡាញបានរហូតដល់ជាង១៤០នាក់” ។
លោកបន្ថែមថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាង ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនោះ បានអនុវត្តការងារសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលខ្លី និងបានក្លាយជាករណីគំរូ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់។
ដោយផ្តោតសំខាន់លើក្រុមការងាររួមកម្ពុជា-កូរ៉េជាស្នូល ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងបន្តរួមសហការគ្នាឲ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញឲ្យកូរ៉េ និងកម្ពុជា អាចឈានមុខគេ ក្នុងការដឹកនាំការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងពិភពលោក៕
