ទូតកូរ៉េ ៖ កម្ពុជាសម្បូរធនធានមនុស្ស និងជាទីផ្សារមានសក្តានុពល
ភ្នំពេញ ៖ ក្នុងបេសកកម្មការទូតនៅកម្ពុជា អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានថ្លែងការកោតសរសើរកម្ពុជាថា សម្បូរធនធានមនុស្ស និងជាទីផ្សារដែលមានសក្តានុពល ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅពាណិជ្ជកម្ម និងវិនិយោគដ៏ទាក់ទាញមួយក្នុងនៅក្នុងតំបន់។
ក្នុងកិច្ចសម្ភាសន៍ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល (DAP News) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក គីម ឆាងយ៉ុងបានលើកឡើងថា ដោយសារសម្លឹងឃើញពីកម្ពុជាមានសក្តានុពលទាំងធនធានមនុស្សនិងទីផ្សារនេះ ស្ថានទូតកូរ៉េក្រោមការដឹកនាំដោយលោកផ្ទាល់នេះ មានគោលបំណងបន្ថែមទៀត លើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរតាមរយៈការពិគ្រោះយោបល់ទៀងទាត់ស្តីពីកិច្ចសហប្រតិបត្តិការ វិនិយោគ រវាងកូរ៉េ-កម្ពុជាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ខណៈកន្លងមកធ្លាប់បានធ្វើឡើងពីរដងរួចមកហើយ រហូតមកដល់បច្ចុប្បន្ន។
លោកបន្តថា កូរ៉េ គឺជាប្រទេសវិនិយោគធំ លំដាប់ទី២នៅកម្ពុជា ដើមឡើយការវិនិយោគរបស់កូរ៉េ ភាគច្រើនស្ថិតនៅក្នុង សហគ្រាស ផលិតដោយផ្តោតលើឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ ប៉ុន្តែក្រោយវិបត្តិកូវីដ១៩ កូរ៉េបានវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ អាស្រ័យដោយមានការជំរុញពីការអភិវឌ្ឍ ឧស្សាហកម្ម ហិរញ្ញវត្ថុ ដែលមានមូលដ្ឋានលើប្រាក់ដុល្លារនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកសង្ឃឹមថា កម្ពុជា-កូរ៉ នឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមរយៈការធ្វើពិពិធកម្ម វិស័យវិនិយោគ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងកែលម្អបរិយាកាសវិនិយោគ ប្រកបដោយគុណភាព ។
បើតាមលោក គីម ឆាងយ៉ុង កម្ពុជា ជាប្រទេសមួយ ដែលមានសក្តានុពលខ្លាំង ដោយជាប្រទេសមានប្រជាជនវ័យក្មេង និងស្វាហាប់បំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ។ ក្រោមយុទ្ធសាស្ត្របញ្ចកោណ របស់កម្ពុជា លោកជឿជាក់ថា រចនាសម្ព័ន្ធឧស្សាហកម្ម ដែលប្រើប្រាស់ កម្លាំងពលកម្មច្រើនដែលមានស្រាប់នេះ នឹងមានសក្តានុពលខ្ពស់ ក្នុងការវិវត្តទៅជាវិស័យថ្មីដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា រថយន្ត ការផ្លាស់ប្តូរឌីជីថលនិងថាមពលបៃតង ជាដើម៕
