ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៥០.៤២៥នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន ៥០.៤២៥នាក់ទៀត (ស្ត្រី២៦.៣៥៧នាក់ និងកុមារ ១៦.៤៩២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធ ដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាព មិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។
ក្រសួងមហាផ្ទៃ បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាពមិនស្មោះត្រង់របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពី ខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ៣៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៦សែននាក់ ឬជាង៩២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៥០.៤២៥នាក់ទៀត (ស្ត្រី២៦.៣៥៧នាក់ និងកុមារ ១៦.៤៩២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
