ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន អះអាងថា យុទ្ធជនអាហ្វហ្គានីស្ថាន ២៩៧ នាក់ត្រូវបានសម្លាប់ និងជាង ៤៥០នាក់រងរបួស ចំណែកខាងអាហ្វហ្គានីស្ថានថា ទាហានប៉ាគីស្ថានចំនួន ៥៥ នាក់ត្រូវបានសម្លាប់

បរទេស៖ លោក Mosharraf Zaidi អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស អះអាងថា យុទ្ធជនអាហ្វហ្គានីស្ថានចំនួន ២៩៧ នាក់ត្រូវបានសម្លាប់ និងជាង ៤៥០ នាក់បានរងរបួស។

យោងតាមសារព័ត៌មាន Aljazeera បានឱ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា ចំណែកអ្នកនាំពាក្យអាហ្វហ្គានីស្ថានវិញនិយាយថា ទាហានប៉ាគីស្ថានចំនួន ៥៥ នាក់ត្រូវបានសម្លាប់ និងប៉ុស្តិ៍ចំនួន ១៩ ត្រូវបានរឹបអូស។ លោកបានបន្ថែមថា យុទ្ធជនតាលីបង់ចំនួន ៨ នាក់ត្រូវបានសម្លាប់, ១១ នាក់រងរបួស និងជនស៊ីវិលចំនួន ១៣ នាក់រងរបួសនៅក្នុងខេត្ត Nangarhar។

យ៉ាងណាក៏ដោយ តួលេខទាំងនេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យដោយ Al Jazeera បានទេ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន លោក Attaullah Tarar និយាយថា ការវាយប្រហារតាមអាកាសលើប្រទេសអាហ្វហ្គានីស្ថានបានកំណត់គោលដៅលើ “ទីតាំងយោធា” ដែលត្រូវបាន “បំផ្លាញទាំងស្រុង”។

ប្រធានាធិបតីអាមេរិក លោក Donald Trump ឆ្លើយតបទៅនឹងសំណួរថាតើលោកនឹងធ្វើអន្តរាគមន៍ក្នុងជម្លោះនេះឬអត់ ? លោកបាននិយាយថា “មែនហើយ ខ្ញុំនឹងធ្វើអន្តរាគមន៍ ប៉ុន្តែខ្ញុំចុះសម្រុងជាមួយប៉ាគីស្ថាន ដូចដែលអ្នកបានដឹងហើយថា ល្អណាស់ – ល្អណាស់”។

ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គឺបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕

ប្រែប្រួលៈ ណៃ តុលា

To Top