រ៉ាដាតម្លៃ ១.១០០លានដុល្លារ របស់អាមេរិក តម្លើងនៅកាតា ត្រូវបានអ៊ីរ៉ង់ កម្ទេចចោលទាំងស្រុង
បរទេស៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ហើយមិនត្រឹមតែបានឆក់យកជីវិតមនុស្សប៉ុណ្ណោះទេ គឺថែមទាំងបានឃើញការបំផ្លាញអាវុធយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៀតផង។ របាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានអះអាងថា AN/FPS-132 ដែលជារ៉ាដាអាមេរិកធំជាងគេនៅឈូងសមុទ្រ Gulf ត្រូវបានបំផ្លាញ។
ដោយដកស្រង់សម្តីការិយាល័យទំនាក់ទំនងសាធារណៈរបស់យោធាអ៊ីរ៉ង់ IRGC កាសែត Tehran Times និងស្ថាប័នផ្សេងទៀតបានឲ្យដឹងថា រ៉ាដានេះមានសមត្ថភាពអាចរកឃើញគោលដៅរហូតចម្ងាយ ៥.០០០ គីឡូម៉ែត្រ។ ទាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអាជ្ញាធរអ៊ីរ៉ង់បាននិយាយថា ជម្លោះនឹងបន្តរយៈពេលយូរ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា រ៉ាដាដូចជា AN/FPS-132 គឺមិនអាចខ្វះបានសម្រាប់ប្រព័ន្ធការពារដែនអាកាសទំនើប ពីព្រោះវាអាចរកឃើញ តាមដាន និងស្ទាក់ចាប់គោលដៅបានទាន់ពេលវេលា។ យោងតាមរបាយការណ៍មួយនៅក្នុង Defence Security Asia ប្រព័ន្ធព្រមានដំបូងត្រូវបានដាក់នៅមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា និងមានឧបករណ៍ពិសេសដែលត្រូវបានរចនាឡើងសម្រាប់តាមដានមីស៊ីលផ្លោង។
រ៉ាដានេះត្រូវបានដំឡើងដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ក្នុងតម្លៃប្រហែល ១.១០០ ពាន់លានដុល្លារ។
ក្នុងចំណោមអាវុធថ្លៃៗទាំងនេះ គឺមានយន្តហោះទម្លាក់គ្រាប់បែក B2 ដែលជាយន្តហោះទម្លាក់គ្រាប់បែកលាក់ខ្លួនស្លាបប្រចៀវចំបាំងកាយដែលមានតម្លៃជាង ១ ពាន់លានដុល្លារក្នុងមួយយន្តហោះចម្បាំង។ ទាំងនេះគឺជាវេទិកាដ៏មានឥទ្ធិពលបំផុតនៅក្នុងកងទ័ពអាកាសសហរដ្ឋអាមេរិក។
កងកម្លាំង IRGC របស់អ៊ីរ៉ង់បានអះអាងថា រ៉ាដាដែលមានតម្លៃ ១.១០០លានដុល្លារនេះ ត្រូវបាន “បំផ្លាញទាំងស្រុង” នៅក្នុងការវាយប្រហារដោយមីស៊ីលជាក់លាក់មួយ។ ក្រោយមកវាត្រូវបានបញ្ជាក់ដោយមន្ត្រីកាតា ដែលតំណាងឱ្យការរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការឃ្លាំមើលរបស់សហរដ្ឋអាមេរិក និងអាចជាការវាយប្រហារទៅលើស្ថាបត្យកម្មការពារដែនអាកាសរួមបញ្ចូលគ្នា ដែលការពាររដ្ឋឈូងសមុទ្រសម្ព័ន្ធមិត្តផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
