បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័ត លើកិច្ចព្រមព្រៀងមួយ សម្រាប់ការផ្គត់ផ្គង់មីស៊ីល Patriot មានទំហំទឹកប្រាក់ រហូតដល់ទៅ ៤២៥លានដុល្លារ នេះបើតាមសេចក្តីប្រកាស របស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក បានឲ្យដឹងថា រដ្ឋាភិបាល របស់ប្រទេសគុយវ៉ែត បានស្នើសុំនិរន្តរភាព កម្មវិធីនិងជំនួយបច្ចេកទេស សម្រាប់កម្មវិធីមីស៊ីល រួមបញ្ចូលទាំងសេវាកម្ម លើកម្មវិធី C-3 Field Surveillance Program ឃ្លាំងស្តុក និងការគំាទ្រ មជ្ឈមណ្ឌល ទ្រទ្រង់មីស៊ីល Patriot PAC-3 របស់ប្រទេស។
តាមសេចក្តីរាយការណ៍ សេចក្តីប្រកាសរបស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក បាននិយាយប្រាប់ដូច្នេះថា “ការលក់ដែលស្នើឡើង នឹងគាំទ្រចំពោះ គោលនយោបាយបរទេស និងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការជួយ ធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់សម្ពន្ធមិត្ត មិនមែនសមាជិកណាតូ ដែលជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងភាពរីកចម្រើនសេដ្ឋកិច្ច នៅតំបន់មជ្ឈិមបូព៌ា”៕
ប្រែសម្រួល៖ប៉ាង កុង