វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពីធនាគារជាតិនៃកម្ពុជា (NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្ន ស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចេញផ្សាយនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការចែកចាយ និងផ្សព្វផ្សាយ ព័ត៌មានមិនពិតពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួននាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។
សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា សូមគូសបញ្ជាក់ថា ភាពរអាក់រអួរ ចំពោះប្រតិបត្តិការបណ្តោះអាសន្ន នៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រ ដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យ សន្ទនីយភាពសាច់ប្រាក់ជាប្រចាំ ។
សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា ។
សមាគមទាំងពីរ បានអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម។ សូមតាមដានព័ត៌មានផ្លូវការពីធនាគារជាតិ នៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម ។
សមាគមទាំងពីរ បន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិក ទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕
