ព័ត៌មានជាតិ

ក្រុមអធិការកិច្ច អន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាព ការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ (១). ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,(២). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍,(៣). ក្រសួងបរិស្ថាន,(៤). ក្រសួងទេសចរណ៍,(៥). ក្រសួងសុខាភិបាល,(៦). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង(៧). ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្រ្តី ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការបន្តជំរុញយន្តការអធិការកិច្ចអន្តរក្រសួងនេះ ដោយហេតុថាយន្តការនេះនឹងជួយបង្កើនអត្រាអនុលោមភាព ដែលជាកត្តាស្នូលមិនអាចខ្វះបានក្នុងការជ្រោមជ្រែងភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារសកល ជាពិសេសត្រៀមលក្ខណៈក្នុងបរិបទដែលកម្ពុជានឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅក្នុងឆ្នាំ២០២៩ ខាងមុខ។

លើសពីនេះ លោកប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ថា ការចុះធ្វើអធិការកិច្ចរួមគ្នាដោយអន្តរក្រសួងក្នុងពេលតែមួយនេះ គឺជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរំខានដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលកត្តានេះនឹងរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុត។

គួររំលឹកផងដែរថា យន្តការនេះកើតចេញពីការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលបានប្រកាសនៅក្នុង៖ (១). វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ដ្រី, (២).វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។ ក្នុងចំណោមប្រធានបទទាំង១៥ នៃវិធានការកែទម្រង់ ប្រធានបទទី៦ គឺផ្តោតសំខាន់លើ “ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះពិនិត្យនៅតាមរោងចក្រ” ដើម្បីបង្កើនប្រសិទ្ធភាពអធិការកិច្ច និងដោះស្រាយបញ្ហារំខានដែលវិស័យឯកជនធ្លាប់ជួបប្រទះ ដោយសារការចុះពិនិត្យច្រើនដងក្នុងពេលខុសៗគ្នាពីសំណាក់ស្ថាប័នផ្សេងៗ។

ជាលទ្ធផល គិតមកទល់ពេលនេះ ក្រុមអធិការកិច្ចអន្តរក្រសួង ត្រូវបានបង្កើតឡើងដោយជោគជ័យលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យកម្មន្តសាល វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់៕

To Top