ព័ត៌មានជាតិ

ចិន មានឆន្ទៈសហការជាមួយកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីក នៃការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា

ភ្នំពេញ ៖ ចិន មានឆន្ទៈសហការជាមួយភាគីមិត្តកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីក នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ និងសុវត្ថិភាពប្រជាជន នៃប្រទេសទាំងពីរ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា «យើងខ្ញុំ សូមវាយតម្លៃខ្ពស់ ចំពោះវិធានការដ៏មានប្រសិទ្ធភាព និងសមិទ្ធផលវិជ្ជមាន ដែលភាគីកម្ពុជា សម្រេចបានក្នុងការ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា»។

លោក ឯកអគ្គរដ្ឋទូត បន្ដថា ការដែលក្រសួងសន្តិសុខសាធារណៈចិ នផ្តល់ជំនួយជាសម្ភារនគរបាលមួយចំនួនដល់ភាគីមិត្តកម្ពុជាលើកនេះ គឺជាវិធានការជាក់ស្តែងមួយទៀត ក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋចិន ស៊ី ជិនពីង នៅប្រទេសកម្ពុជា និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា «ភាគីចិនមានឆន្ទៈ សហការជាមួយភាគីមិត្តកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីក នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ និងបង្កបង្កើតនូវបរិយាកាសល្អប្រសើរ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងចិន និងកម្ពុជា»។

សូមរំលឹកថា យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្ពុជា បានបន្តបណ្តេញជនជាតិចិនចំនួន ៥០០នាក់ទៀត ចេញពីប្រទេស ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់៕

To Top