លោក ដូណាល់ ត្រាំ ទាមទារឱ្យប្រទេសចំនួន ៧ អមដំណើរ នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកបាន ទាមទារប្រទេសចំនួន ៧ ដែលពឹងផ្អែកយ៉ាងខ្លាំង លើប្រេងនៅមជ្ឈិមបូព៌ា ឱ្យចូលរួមសម្ព័ន្ធភាពមួយ ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់មួយ ដែលប្រេងប្រហែល ២០ភាគរយ របស់ពិភពលោកឆ្លងកាត់ ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ដោយសំដៅទៅលើច្រកសមុទ្រនេះថា “ខ្ញុំកំពុងទាមទារឱ្យប្រទេសទាំងនេះ ចូលមកការពារទឹកដីរបស់ពួកគេ ពីព្រោះវាជាទឹកដីរបស់ពួកគេ”។
សេតវិមានកំពុងមានគម្រោងប្រកាសពីសម្ព័ន្ធភាព ពហុជាតិសាសន៍មួយដើម្បីអមដំណើរនាវា ឆ្លងកាត់ច្រកសមុទ្រ Hormuz នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ដោយដកស្រង់ សម្តីមន្ត្រីអាមេរិក។
របាយការណ៍នេះបានឧ្យដឹងថា ផែនការនេះ ដែលនៅតែស្ថិតក្រោមការពិភាក្សា អាចនឹងត្រូវបានបង្ហាញ “ឱ្យបានឆាប់បំផុតក្នុងសប្តាហ៍នេះ”។
ជាសាធារណៈ រដ្ឋាភិបាលជាច្រើនមិនបានប្តេជ្ញាចិត្តចំពោះបេសកកម្មអមដំណើរបែបនេះទេ រហូតដល់អរិភាពបញ្ចប់ ដោយសារតែហានិភ័យដែលពាក់ព័ន្ធ នេះបើយោងតាមរបាយការណ៍។
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានអំពាវនាវឱ្យមានការបិទច្រកសមុទ្រហ័រមូសជាបន្តបន្ទាប់ ហើយបានសន្យាថានឹងបើករណសិរ្សថ្មី នៅក្នុងជម្លោះរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារយោធាលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ៕
