ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ មានការសង្ស័យអំពីការពង្រីក បេសកកម្មកងទ័ពជើងទឹក របស់សហភាពអឺរ៉ុប​ នៅច្រកសមុទ្រ​ Hormuz

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានសម្តែងការសង្ស័យ ទាក់ទងនឹងការពង្រីក សក្តានុពល នៃបេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប “Aspides” ទៅកាន់ច្រកសមុទ្រ​ Hormuz។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយ ព័ត៌មានសាធារណៈអាល្លឺម៉ង់ ARD លោក Wadephul បានឧ្យដឹងថា លោកមានការសង្ស័យយ៉ាងខ្លាំង អំពីថាតើបេសកកម្មរបស់សហភាពអឺរ៉ុប​ អាចធានាសន្តិសុខកាន់ តែច្រើននៅក្នុងច្រកសមុទ្រឬអត់។

លោកបានអះអាងថា ប្រតិបត្តិការនេះ “មិនមានប្រសិទ្ធភាព” នៅក្នុងតំបន់ដាក់ពង្រាយ ចម្បងរបស់ខ្លួននៅក្នុងសមុទ្រក្រហម ។​ លោក Wadephul បានបន្ដថា សន្តិសុខអាចត្រូវបានធានា លុះត្រាតែជម្លោះយោធាត្រូវបាន “ដោះស្រាយជាមូលដ្ឋាន”។

លោកបានកត់សម្គាល់ថា ខណៈពេលដែលអឺរ៉ុបតែងតែផ្តល់ការគាំទ្រប្រកបដោយស្ថាបនាក្នុងការធានាផ្លូវសមុទ្រ លោក “មិនឃើញមានតម្រូវការបន្ទាន់ ឬលើសពីនេះទៅទៀត ថាអាល្លឺម៉ង់​ គួរតែចូលរួម”។

លោកបានបន្ថែមថា «ការទាមទាររបស់យើងចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺត្រូវជូនដំណឹងដល់យើង និងប្រាប់យើងថាគោលបំណងជាក់ស្តែងណាខ្លះ​ ដែលនៅតែត្រូវបានអនុវត្ត ហើយបន្ទាប់មកពិភាក្សាជាមួយយើងពីរបៀប​ ដែលសង្គ្រាមនេះអាចត្រូវបានបញ្ចប់»។

នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា លើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលជាង ១៣០០ នាក់។

អ៊ីរ៉ង់បានឆ្លើយតបដោយរលក នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋាន និងទ្រព្យសម្បត្តិ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top