ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត សាងសង់រូបសំណាកបាតដៃ សម្រាប់ភ្ញៀវទេសចរឡើងថតរូប និងសាងសង់វិថីអាហារ

កំពត ៖ ដើម្បីបង្កើនភាពទាក់ទាញ បន្ថែមទៀត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានសាងសង់រូប សំណាកបាតដៃ សម្រាប់ភ្ញៀវទេសចរឡើងថតរូប និងរៀបចំសាងសង់វិថីអាហារ ដែលមានរចនាបថខ្មែរ ហើយសមិទ្ធផលទាំងពីរនេះ នឹងសាងសង់រួចរាល់មុន ពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញ ការសាងសង់ឱ្យ បានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបាន រួចរាល់មុនពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។

តាមការបញ្ជាក់របស់ លោក អភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើង ទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍ បានយ៉ាងស្រស់ស្អាត ។ រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើង ក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ ១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ ដែលមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ។

ចំណែកឯវិថីអាហារ ដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់ បានប្រមាណ ៩០ភាគរយ ហើយ ដែលផ្សារនេះត្រូវបានសាងសង់ តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់ នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ លក់ដូរក្នុងវិថីអាហានេះ។

ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា សម្រាប់អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារនេះ គឺតម្រូវឱ្យស្លៀកសម្លៀក បំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ជាតិ ដល់ភ្ញៀវទេសចរបរទេស ដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវ ទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន៕

To Top