អ៊ីរ៉ង់ មានទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបើកការវាយប្រហារ លើរដ្ឋក្នុងតំបន់
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់ មានព័ត៌មានថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងបើកការវាយប្រហារពីទីតាំង ជាក់លាក់មួយចំនួនប្រឆាំង នឹងរដ្ឋអារ៉ាប់នៅក្នុងតំបន់អាស៊ីខាងលិច។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានអារ៉ាប់ Al-Araby Al-Jadeed ដែលផ្នែកខ្លះនៃការវាយប្រហារ ត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃអាទិត្យ ដោយសួរអំពីប្រភពដើម នៃការវាយប្រហារលើរដ្ឋអារ៉ាប់ ក្នុងតំបន់ដែលត្រូវបានស្តីបន្ទោសលើអ៊ីរ៉ង់។
លោក Araghchi បានលេីកឡេីងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយរដ្ឋក្នុងតំបន់ និងបង្កើតគណៈកម្មាធិការរួមមួយ ដើម្បីស៊ើបអង្កេតពីលក្ខណៈនៃគោលដៅដែលត្រូវបានវាយប្រហារ។
លោកបានបន្ថែមថា ការវាយប្រហាររបស់អ៊ីរ៉ង់ គ្រាន់តែកំណត់គោលដៅ មូលដ្ឋានទ័ព និងផលប្រយោជន៍ របស់សហរដ្ឋអាមេរិក ក្នុងការសងសឹក ចំពោះការវាយប្រហារ ដែលបានធ្វើឡើងពីទីតាំងទាំងនោះ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក បានបង្កើតយន្តហោះគ្មាន មនុស្សបើកស្រដៀងនឹងយន្តហោះដ្រូនធុន Shahed 136 របស់អ៊ីរ៉ង់ ដែលមានឈ្មោះថា “LUCAS” ដើម្បីកំណត់គោលដៅទីតាំងនៅក្នុងប្រទេសអារ៉ាប់។
លោកក៏បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើជនស៊ីវិលអារ៉ាប់ ដើម្បីបំផ្លាញទំនាក់ទំនង របស់ពួកគេជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា “អ៊ីរ៉ង់មិនទាន់បានកំណត់គោលដៅ លើតំបន់ជនស៊ីវិល ឬលំនៅដ្ឋានណាមួយ នៅក្នុងតំបន់នេះនៅឡើយទេ”៕
ប្រែសម្រួល ឈូក បូរ៉ា
