ក្រសួងអប់រំ ៖ មិនត្រូវប្រើទូរស័ព្ទក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង
ភ្នំពេញ ៖ ដើម្បីបន្តពង្រឹងការ អនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា មិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង។
នេះបើយោងតាមសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការ អនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ចេញផ្សាយដោយ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។
បើតាមសេចក្ដីណែនាំ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នក ពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល។
ក្រសួង បន្ដថា សិស្សានុសិស្ស ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយស្មារតីទទួល ខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ព្រមទាំងរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌។
ក្រសួង គូសបញ្ជាក់ថា «អនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សាបានកំណត់ ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌។ មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការ អនុញ្ញាត។ មិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា។ មិនត្រូវជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា»៕
