ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ច្រកសមុទ្រ Hormuz បើកចំហសម្រាប់អ្នកគ្រប់គ្នា លើកលែងតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ MS NOW កាលពីថ្ងៃសៅរ៍ថា ច្រកសមុទ្រ Hormuz គឺត្រូវបានបិទសម្រាប់តែកប៉ាល់អាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា កប៉ាល់ផ្សេងទៀត អាចឆ្លងកាត់បានដោយសេរី ទោះបីជាមនុស្សជា ច្រើនមិនចង់ឆ្លងកាត់ ដោយសារតែ “ការព្រួយបារម្ភអំពីសន្តិសុខ” ដោយលោក Araghchi អះអាងថាមិនមានអ្វី ពាក់ព័ន្ធនឹងអ៊ីរ៉ង់ក៏ដោយ។ លោកបានបន្ថែមថា បច្ចុប្បន្នមាន “កប៉ាល់ដឹកប្រេង និងកប៉ាល់ជាច្រើនកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz”។

រឿងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅលើ Truth Social ថា សហរដ្ឋអាមេរិក រួមជាមួយប្រទេសជាច្រើនទៀតដែលរងផលប៉ះពាល់ដោយ “ការប៉ុនប៉ងបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់” នឹងបញ្ជូននាវាចម្បាំងដើម្បីរក្សាច្រកសមុទ្រឱ្យ “បើកចំហ និងមានសុវត្ថិភាព”។

នៅក្នុងការបង្ហោះនោះ លោក Trump បានចុះបញ្ជីប្រទេសចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ជាឧទាហរណ៍នៃប្រទេសដែលរងផលប៉ះពាល់ដោយការបិទ ដោយបង្ហាញពីក្តីសង្ឃឹមថា បណ្តាប្រទេសទាំងនោះ នឹងបញ្ជូនកប៉ាល់ទៅកាន់តំបន់នោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top