មេបញ្ជាការ អាមេរិកអះអាងថា ទ័ពអាមេរិក របួសប្រហែលជា២០០នាក់ គិតចាប់តាំងពីប្រតិបត្តិការនៅអ៊ីរ៉ង់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យរបស់ទីបញ្ជាការ កណ្តាលអាមេរិកបាននិយាយ កាលពីថ្ងៃចន្ទថា ទាហានអាមេរិក ប្រហែល២០០នាក់ បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារ ដ៏ធំលើប្រទេសអ៊ីរ៉ង់ កាលពីជាងពីរសប្តាហ៍មុន។
យោងតាមអ្នកនាំពាក្យទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក លោក Tim Hawkins បាននិយាយថា ការរងរបួសបានកើតឡើងនៅទូទាំងប្រទេសមជ្ឈិមបូព៌ាចំនួនប្រាំពីរគឺ បារ៉ែន អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្សកដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។
លោក Hawkins បាននិយាយថា ក្នុងចំណោមអ្នករងរបួស សមាជិកចំនួន១០នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជាង១៨០ នាក់ផ្សេងទៀតត្រូវបានព្យាបាល និងត្រឡប់ទៅបំពេញកាតព្វកិច្ចវិញ ។
ទីបញ្ជាការបានក៏និយាយដែរថា យន្តហោះចាក់សាំង KC-135 របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ដោយបានបង្កើនចំនួនអ្នកស្លាប់ ដែលត្រូវបានគេស្គាល់ថា ជាយោធាអាមេរិកដល់១៣ នាក់ចាប់តាំងពីការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលត្រូវបានចាប់ផ្តើមនៅថ្ងៃទី ២៨ខែកុម្ភៈ៕
ប្រែសម្រួល៖ស៊ុនលី
