រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ថា សង្គ្រាមអ៊ីរ៉ង មិនមែនជាសង្គ្រាមរបស់អាល្លឺម៉ង់ទេ ខណៈដែលនាយករដ្ឋមន្រ្តីអង់គ្លេសថា អង់គ្លេសមិនត្រូវឱ្យគេអូសទាញ ចូលទៅក្នុងសង្គ្រាម កាន់តែទូលំទូលាយនេះទេ
បរទេស៖ ប្រទេសនៅអឺរ៉ុប បានច្រានចោលការបញ្ជូន នាវាចម្បាំង ទៅកាន់ច្រកសមុទ្រ Hormuz ទោះបីជាមានការគំរាមកំហែង ពីលោក Donald Trump ថា ណាតូប្រឈមមុខនឹង “អនាគតដ៏អាក្រក់មួយ” ប្រសិនបើសមាជិកបរាជ័យ ក្នុងការជួយបើកផ្លូវទឹក ដ៏សំខាន់នេះឡើងវិញ។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថា ប្រទេសអាល្លឺម៉ង់ បានច្រានចោលការចូលរួមក្នុង សកម្មភាពយោធាណាមួយ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកច្រកសមុទ្រឡើងវិញ ផងដែរ។ អធិការបតី អាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា “មិនដែលមានការសម្រេចចិត្តរួមគ្នា លើថាតើត្រូវជ្រៀតជ្រែក ឬអត់នោះទេ ។ នោះហើយជាមូលហេតុ ដែលសំណួរអំពីរបៀបដែលប្រទេសអាល្លឺម៉ង់ អាចចូលរួមចំណែកផ្នែកយោធាមិនកើតឡើង។ យើងនឹងមិនធ្វើដូច្នេះទេ” ។
ចំណែករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា “នេះមិនមែនជាសង្គ្រាមរបស់យើងទេ យើងមិនបានចាប់ផ្តើមវាទេ។ តើលោក Donald Trump រំពឹងអ្វីខ្លះពីនាវាចម្បាំងអឺរ៉ុបមួយចំនួនតូចនៅក្នុងច្រកសមុទ្រ Hormuz ដែលកងទ័ពជើងទឹកអាមេរិកដ៏ខ្លាំងក្លាមិនអាចគ្រប់គ្រងតែម្នាក់ឯងបាន? នេះជាសំណួរដែលខ្ញុំសួរដោយខ្លួនឯង”។
លោក Keir Starmer នាយករដ្ឋមន្ត្រី របស់អង់គ្លេសបាននិយាយថា ចក្រភពអង់គ្លេសនឹងមិនត្រូវបានឱ្យគេ «អូសទាញចូលទៅក្នុងសង្គ្រាមកាន់តែទូលំទូលាយ» នោះទេ ប៉ុន្តែកំពុងធ្វើការលើ «ផែនការដែលអាចអនុវត្តបាន»។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ទីបំផុត យើងត្រូវតែបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីធានាបាននូវស្ថិរភាពនៅក្នុងទីផ្សារប្រេង។ នោះមិនមែនជាកិច្ចការងាយស្រួលនោះទេ»។ យ៉ាងណាក៏ដោយ លោកមិនបានច្រានចោលទម្រង់ នៃសកម្មភាពណាមួយឡើយ ប៉ុន្តែបាននិយាយថា វានឹងត្រូវតែយល់ព្រមដោយ «ដៃគូឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»៕
ប្រែសម្រួលៈ ណៃ តុលា
