ព័ត៌មានជាតិ

ពលរដ្ឋខ្លះៗ ងាកមកប្រើម៉ូតូអាគុយ ឡានអាគុយ ឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗ

ភ្នំពេញ ៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានសម្លឹងមើលឃើញថា ដើម្បីចូលរួមប្រើប្រាស់ប្រេង ដោយសន្សំចៃប្រជាពលរដ្ឋខ្លះៗ បានងាកមកប្រើប្រាស់ម៉ូតូអាគុយ ឡានអាគុយ ឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗ ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៦ ខែមីនា បានប្រកាសតម្លៃប្រេងលក់រាយសម្រាប់ថ្ងៃទី១៧ មីនា គឺប្រេងសាំងធម្មតាមាន ៥ ៥០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៦ ៥៥០ រៀលក្នុងមួយលីត្រ ។ លោកថា តម្លៃសាំងនេះមានការកើនឡើង ជាង៣ថ្ងៃមុន ដោយសារតម្លៃប្រែប្រួល មិនទៀងទាត់បែបនេះហើយ ទើបបានជាក្រសួងលើកលែង ការគណនាពី១០ថ្ងៃមកត្រឹម៣ថ្ងៃវិញ ដើម្បីឱ្យដើរទាន់សភាពការណ៍ ។
លោក ប៉ែន សុវិជាតិ បន្ថែមថា ការគណនាតម្លៃប្រេងលក់រាយពី១០ថ្ងៃមក៣ថ្ងៃវិញនេះ ដើម្បីផ្តល់លទ្ធភាពទៅម្ចាស់ស្ថានីយប្រេងលក់រាយ ឬក្រុមហ៊ុននាំចូលមានលទ្ធភាព លក់ផ្គត់ផ្គង់ឱ្យពលរដ្ឋបានជាប្រក្រតី ក្រោយផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ចំពោះការឡើង ថ្លៃប្រេងនេះ អ្នកនាំពាក្យក៏បានស្នើសុំការយោគយល់ និង អធ្យាស្រ័យទៅដល់អ្នកប្រើប្រាស់ផងដែរ ។ លោកថា “សូមបងប្អូនមេត្តា អធ្យាស្រ័យ ហើយក៏សូមសរសើរនូវស្មារតីបងប្អូនចូលរួមសន្សំចៃ តាមរយៈការប្រើម៉ូតូអាគុយ ឡានអាគុយ ឬកាត់បន្ថយធ្វើដំណើរឆ្ងាយៗ ដែលមិនចាំបាច់នេះ គឺជារឿងល្អបំផុត នៅក្នុងកាលៈទេសៈដែលយើងជួបការលំបាកបែបនេះ” ។
ជាមួយគ្នានេះ អ្នកនាំពាក្យកោតសរសើរ ដល់ម្ចាស់ស្ថានីយលក់ប្រេងនានា ដែលបានស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ចំពោះការមិនដំឡើងតម្លៃប្រេងខ្ពស់ហួស ពីសមត្ថភាពរបស់ប្រជាពលរដ្ឋ៕

To Top