ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែចងចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានលះបង់ជីវិត ការពារបូរណភាពទឹកដី ក្នុងពេលថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា រៀងរាល់លើក នៅក្នុងពិធីប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរយុទ្ធជនពលី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍ ចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយជាច្រើនរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដូចជា ថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារសពដើម្បីជួយសម្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

លោកថា “នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំនៃយើង និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព និងវីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី ដើម្បីនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនបោះបង់នរណាម្នាក់ ចោលនោះឡើយ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា ៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត , ការស្រោចស្រង់សមាជិកគ្រួសារ , ការផ្តល់អាហារូបករណ៍ដល់កូនៗ ឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ , ការរៀបចំឥណទានសារជាថ្មី , ការដោះស្រាយបំណុល ជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើត ជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង៕

To Top