ប្រធានាធិបតី សហភាពអារ៉ាប់ ជួបជាមួយនឹងស្តេចហ្ស៊កដានី ពិភាក្សាអំពីបញ្ហាតានតឹងក្នុងតំបន់
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម (UAE)លោកSheikh Mohamed bin Zayed Al Nahyan បានជួបជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ ក្នុងតំបន់ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថាន ភាពយោធាកាន់តែអាក្រក់ ឥទ្ធិពលរបស់វាទៅលើសន្តិសុខក្នុងតំបន់ និងបានសម្តែងការព្រួយបារម្ភចំពោះការបន្តការ វាយប្រហាររបស់អ៊ីរ៉ង់ដែរ។
លោកSheikh Mohamed បានសម្តែងការគាំទ្ររបស់ UAE សម្រាប់ប្រទេសហ្ស៊កដានីប្រឆាំងនឹងការវាយប្រហារ សំដៅលើទឹកដីរបស់ខ្លួន ខណៈដែលស្តេច Abdullah II បានបញ្ជាក់សារជាថ្មីអំពីសាមគ្គីភាពរបស់ហ្ស៊កដានីជាមួយ UAE ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់សកម្មភាពយោធាដែលកើនឡើង និងផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការទូត ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
មេដឹកនាំទាំងពីរក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
គួរឲ្យដឹងដែរថាកិច្ចប្រជុំនេះបានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដែលចាប់ផ្តើម នៅថ្ងៃទី២៨ខែកុម្ភៈ ដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់បានឆ្លើយតបជាមួយ នឹងការវាយប្រហារលើផលប្រយោជន៍ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈឹមបូព៌ា៕
ប្រែសម្រួល៖ស៊ុនលី
