ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បញ្ជាក់ថា​ គ្មានចំណង់​ក្នុងការពង្រីក បេសកកម្មកងទ័ពជើងទឹក ទៅកាន់ច្រកសមុទ្រ Hormuz​ នោះទេ

ព្រុចសែល៖​ លោកស្រី Kaja Kallas ប្រធានគោលនយោបាយ ការបរទេសអឺរ៉ុប​ បានឧ្យដឹងថាថា សហភាពអឺរ៉ុប គ្មានចំណង់ក្នុងការពង្រីក បេសកកម្មកងទ័ពជើងទឹករបស់ខ្លួន «Aspides» ទៅកាន់ច្រកសមុទ្រ Hormuz នោះទេ។

បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស លោកស្រីបានឧ្យដឹងថា រដ្ឋមន្ត្រីសហភាពអឺរ៉ុបបានពិភាក្សាអំពីជម្រើសនានា ដើម្បីការពារការដឹកជញ្ជូនទំនិញ នៅក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង ដោយផ្តោតលើការបន្ថយភាពតានតឹង និងសេរីភាពនៃការធ្វើនាវាចរណ៍។

លោកស្រីបានលេីកឡេីងថា «យើងកំពុងធ្វើការលើដំណោះស្រាយការទូត​ សម្រាប់ច្រកសមុទ្រ Hormuz» ដោយបន្ថែមថា នេះមិនមែនជាសង្គ្រាមរបស់អឺរ៉ុបនោះទេ។

បេសកកម្ម​ «Aspides» មានន័យថា ខែល ជាភាសាក្រិច គឺជាបេសកកម្ម កងទ័ពជើងទឹកការពារ ដែលបានចាប់ផ្តើម ដោយសហភាពអឺរ៉ុបក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគោលបំណងស្តារ និងការពារសេរីភាពនៃការធ្វើនាវា ចរណ៍នៅក្នុងសមុទ្រក្រហម និងតំបន់ឈូងសមុទ្រ។

ការកត់សម្គាល់របស់លោកស្រី Kallas បានកើតឡើង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បានជំរុញឲ្យសម្ព័ន្ធមិត្តណាតូគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការដឹកជញ្ជូនប្រេងនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ រហូតមកដល់ពេលនេះ ប្រទេសជាច្រើន របស់អង្គការណាតូ​ នៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងក្រិក បានបង្ហាញពីឆន្ទៈមិនគាំទ្រសំណើ របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top