ព័ត៌មានជាតិ

កម្ពុជា និងអូទ្រីស ប្តេជ្ញារួមគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាបៃតង ជួយដល់ការអភិវឌ្ឍ ប្រកបដោយចីរភាព

ភ្នំពេញ ៖ ក្រសួងបរិស្ថាន តែងតែបើកទ្វារចំហជានិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគលើវិស័យ កែច្នៃសំណល់ និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង» នេះជាប្រសាសន៍លើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីស នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងពីភាពជោគជ័យ នៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមាន សសរស្តម្ភបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព តាមរយៈយុទ្ធនាការជាច្រើន និងមានការចូលរួមប្តេជ្ញាចិត្ត ជាពិសេសពិសិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបជាង ១៤ លាននាក់ និងបានចូលរួមកាត់បន្ថយការប្រើប្រាស់ និងសំអាតសំរាម សំណល់ប្លាស្ទិក ធ្វើឱ្យតួលេខការនាំចូលប្លាស្ទិកថយចុះដល់ ៨៤% ក្នុងរយៈពេលមួយឆ្នាំ។

លើសពីនោះក៏មានការរឹងបន្តឹងច្បាប់ ដោយបានអនុវត្តក្រមបរិស្ថានយ៉ាងម៉ឺងម៉ាត់ និងតម្រូវឱ្យគ្រប់រោងចក្រ ត្រូវមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលកន្លងមកនេះទឹកកខ្វក់ជាង២៤ លានម៉ែត្រគូបត្រូវបានទប់ស្កាត់ មិនអាចបំពុលទឹកសាធារណៈ និងប៉ះពាល់សុខភាពមនុស្សនិងបរិស្ថាន។ ស្របគ្នានេះ ការកែច្នៃសំណល់ និងបច្ចេកវិទ្យាបៃតង តាមរយៈការវិនិយោគបៃតងនៅកម្ពុជា គឺជាទស្សនវិស័យបន្ត ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋកម្ពុជា និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន។

ក្នុងឱកាសនេះ លោក Andreas Sumper បានគូស បញ្ជាក់អំពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ កម្ពុជានិងអូទ្រីស ដែលកន្លងមក ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើងចំនួន៥០០លានដុល្លារ ក្នុងឆ្នាំកន្លងមកនេះ។ លោក Andreas Sumper បានបញ្ជាក់ពីការបង្កើនទំហំពាណិជ្ជកម្មនេះ ឱ្យឈានកម្រិតខ្ពស់បន្ថែមទៀតនាពេលអនាគត ក្នុងរួមទាំងការវិនិយោគលើបច្ចេកវិទ្យាបរិស្ថានទំនើបៗមកកាន់កម្ពុជា។

សូមបញ្ជាក់ជូនថា ក្រសួងបរិស្ថាន បាននិងជំរុញសកម្មភាពឆ្ពោះទៅចលនា ដើម្បីកម្ពុជាមានភាពស្អាត ធ្វើការសម្អាត និងគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ និងការបង្កើនគម្របបៃតង ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះជំរុញការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របព្រៃឈើ ជំរុញការបណ្តុះកូនឈើ ជាច្រើនលានដើមរៀងរាល់ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំតាមទីសាធារណៈ និងដាំស្តារព្រៃសហគមន៍៕

To Top