រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ ដើម្បីលើកកម្ពស់ ផ្តល់សេវា ក្នុងវិស័យសង្គមកិច្ច
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការ ផ្តល់សេវាក្នុង វិស័យសង្គមកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិ នានាជាច្រើនទៀត។
ក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការដាក់ឱ្យ អនុវត្តច្បាប់គោលនយោបាយ និងផែនការសកម្មភាព ជាតិនានាដែលរាជរដ្ឋាភិបាល ដាក់ចេញក្នុងការអភិវឌ្ឍ និងការលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ច រួមមាន ៖ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន , ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស , ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ , ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ , គោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ ២០១៧-២០៣០ , គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ , គោលនយោបាយស្តីពីការថែទាំ ជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
សម្តេចធិបតី មានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ ការទទួលស្គាល់សារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស រួមទាំងសេចក្តីត្រូវការក្នុងការពង្រីក និងពង្រឹងកម្លាំងសេវាសង្គម ត្រូវបានយកចិត្តទុកដាក់ ។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ក្រសួងសង្គមកិច្ច ក៏បានដាក់ចេញគោលការណ៍ ណែនាំស្តីពីសមត្ថភាព មូលដ្ឋានសម្រាប់កម្លាំងសេវាសង្គមនៅកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តការងារ របស់កម្លាំងសេវាសង្គម ៕
