ព័ត៌មានជាតិ

សមាគម ជប៉ុន-កម្ពុជា ជួយកសាងគ្រឹះដ៏រឹងមាំ នៃការជឿទុកចិត្ត រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំង នៃកម្ពុជា ប្រចាំប្រទេសជប៉ុនបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា (ICA) បានដើរតួនាទីជួយកសាងគ្រឹះ ដ៏រឹងមាំនៃការជឿទុកចិត្ត និងសុច្ឆន្ទៈ រវាងប្រទេសកម្ពុជានិងជប៉ុន ។
ក្នុងឱកាសចូលរួមពិធីជប់លៀង ស្វាគមន៍ ដែលរៀបចំដោយសមាគម ជប៉ុន-កម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ជុំ សុន្ទរី បញ្ជាក់ថា ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ កិច្ចខិតខំប្រឹងប្រែងរបស់សមាគម បានជួយកសាងគ្រឹះដ៏រឹងមាំ នៃការជឿទុកចិត្ត និងសុច្ឆន្ទៈ រវាងប្រទេសទាំងពីរ។
លោកកត់សម្គាល់ថា កម្ពុជាឱ្យតម្លៃសមាគមជប៉ុន-កម្ពុជាក្នុងកម្រិតខ្ពស់បំផុត ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់សមាគម ក្នុងការផ្សព្វផ្សាយ ប្រទេសកម្ពុជានៅប្រទេសជប៉ុន និងការសម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច ការសិក្សា និងវប្បធម៌។

ឯកអគ្គរាជទូតបន្តថា បច្ចុប្បន្នកម្ពុជា-ជប៉ុន មានការគាប់ចិត្តនឹងភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលឆ្លុះបញ្ចាំងពីជម្រៅ និងភាពចាស់ទុំ នៃទំនាក់ទំនងទ្វេភាគី ។ ខណៈដែលកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និង រដ្ឋាភិបាល នៅតែមានសារៈសំខាន់ លោកជុំ សុន្ទរី បានសង្កត់ធ្ងន់ លើតួនាទីដ៏សំខាន់ស្មើគ្នា ដែលដើរតួដោយស្ថាប័ន ដូចជា សមាគមជប៉ុន-កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនង តាមរយៈការទូតរវាងប្រជាជន និងប្រជាជន និងការចូលរួមពីវិស័យឯកជន ។

ដោយសម្លឹងមើលទៅថ្ងៃមុខ ឯកអគ្គរាជទូត បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមាគមជប៉ុន-កម្ពុជា និងសមាជិករបស់សមាគម ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបន្ថែមទៀត ក្នុងវិស័យធុរកិច្ច អប់រំ ទេសចរណ៍ និងការចូលរួមរបស់យុវជន ៕

To Top