សម្ព័ន្ធមិត្តអាមេរិកភាគច្រើន មិនចង់ចូលរួម ក្នុងប្រតិបត្តិការយោធាប្រឆាំង នឹងអ៊ីរ៉ង់នោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងដោយសម្ព័ន្ធមិត្តណាតូភាគច្រើនរបស់ខ្លួនថា ពួកគេ «មិនចង់ចូលរួម» ក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកមិនត្រូវការជំនួយពីសម្ព័ន្ធមិត្តណាតូ ឬប្រទេសដទៃទៀតនោះដែរ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា «យើងលែងត្រូវការ ឬចង់បានជំនួយពីប្រទេសណាតូទៀតហើយ យើងមិនដែលធ្វើដូច្នេះទេ! ដូចគ្នានេះដែរក៏មាន ជប៉ុន អូស្ត្រាលី ឬកូរ៉េខាងត្បូង»។
លោកបានសរសេរថា «យើងទទួលបានជោគជ័យផ្នែកយោធាបែបនេះ តាមពិតទៅ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដែលជាប្រទេសដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក យើងមិនត្រូវការជំនួយពីនរណាម្នាក់ឡើយ!»។ ដោយលោកបានរិះគន់ណាតូម្តងទៀត ចំពោះការមិនជួយសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិករូបនេះបានបន្ដថា «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនភ្ញាក់ផ្អើលនឹងសកម្មភាពរបស់ពួកគេនោះទេ ពីព្រោះខ្ញុំតែងតែចាត់ទុកអង្គការណាតូ ជាកន្លែងដែលយើងចំណាយប្រាក់រាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារប្រទេសទាំងនេះ ថាជាផ្លូវមួយផ្លូវឯកទិស យើងនឹងការពារពួកគេ ប៉ុន្តែពួកគេនឹងមិនធ្វើអ្វីសម្រាប់យើងទេ ជាពិសេសនៅក្នុងគ្រាដែលត្រូវការជំនួយ»៕
ប្រែសម្រួល ឈូក បូរ៉ា
